Pune Media

រដ្ឋលេខាធិការ​ក្រសួង​មួយ​និង​មន្ត្រី​តំណាង World Bank រង​ការ​ចោទ​ថា​ស៊ី​សំណូក​ក្នុង​គម្រោង​ជួសជុល​ផ្លូវ – The Cambodia Daily Khmer

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឈ្មោះ ផេង សុខវិច្ចនូ រួម​ជាមួយ​មន្ត្រី​តំណាង​ធនាគារ​ពិភពលោក (World Bank) ឈ្មោះ ប៊ុន វាសនា រង​ការ​ចោទប្រកាន់​ថា​បាន​ទទួល​លុយ​សំណូក​ពី​ក្រុមហ៊ុន ប៉ូលី ចិន្តា ជាង ១​លាន​ដុល្លារ​អាមេរិក ជា​ថ្នូរ​ទទួល​បាន​គម្រោង​ថែទាំ និង​ជួសជុល​កំណាត់​ផ្លូវ​ជាតិ​លេខ​៤។

ប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សរសេរ​លិខិត​មក​កាន់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៣១ ធ្នូ នេះ​ថា លោក ផេង សុខវិច្ចនូ ជា​ប្រធាន​គម្រោង​កញ្ចប់​ទី​៤ ក្នុង​ការ​ថែទាំ និង​ជួសជុល​ផ្លូវជាតិ​លេខ​៤ និង​លោក ប៊ុន វាសនា តំណាង​ធនាគារ​ពិភពលោក គឺជា​អ្នក​មាន​សិទ្ធិ​ចាត់ចែង​កញ្ចប់​ថវិកា​ទី​៤ លើ​គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ​៤ នេះ។

ប្រភព​ដដែល​ថា ការ​ដេញ​ថ្លៃ​នេះ​គឺជា​ការ​រៀបចំ​របស់​លោក ផេង សុខវិច្ចនូ និង​លោក ប៊ុន វាសនា ទាំងអស់ ខណៈ​បុគ្គល​ទាំង​ពីរ​រូប​នេះ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុមហ៊ុន ប៉ូលី ចិន្តា ក្រោយ​ទទួល​បាន​សំណូក​ជាង ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទៅ​ហើយ​នោះ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន ប៉ូលី ចិន្តា ឬ ប៉ូលី ចាងដា ជា​ក្រុមហ៊ុន​ទទួល​ម៉ៅការ​ខាង​វិស្វកម្ម​សំណង់​ស៊ីវិល​ដែល​ទំនង​ជា​មាន​ចូល​ហ៊ុន​គ្នា​ពី​ក្រុមហ៊ុន​រដ្ឋ​ចិន។

មន្ត្រី​ទាំងនេះ​បន្ត​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​១៤ ដែល​បាន​ដាក់​ឯកសារ​ដេញថ្លៃ​លើ​គម្រោង​កញ្ចប់​ទី​៤ នេះ គឺ​មាន​តែ​ក្រុមហ៊ុន​ចំនួន​៤ ប៉ុណ្ណោះ​ដែល​បាន​លួច​បើក​កញ្ចប់​ដេញថ្លៃ​របស់​ក្រុមហ៊ុន​ទាំង ១០ ផ្សេង​ទៀត​ជា​សម្ងាត់ ដើម្បី​ឱ្យ​ពួកគេ​អាច​ដាក់​កញ្ចប់​ដេញថ្លៃ​ខ្ពស់​ជាង​ក្រុមហ៊ុន​ទាំងនោះ ហើយ​ក្រុមហ៊ុន​ទាំង ៤ នេះ គឺ​សុទ្ធសឹងតែ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ប៉ូលី ចិន្តា ទាំងអស់ ចំណែកឯ​ក្រុមហ៊ុន ១០ ផ្សេង​ទៀត ត្រូវ​បាន​ប្រកាស​ថា​ជា​ក្រុមហ៊ុន​មិន​គ្រប់​លក្ខណៈ​បច្ចេកទេស​ដូច​គ្នា។

ប្រភព​មន្ត្រី​ក្រសួង​សាធារណការ អំពាវនាវ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) និង​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ​លើ​ឯកសារ​ដេញថ្លៃ​កញ្ចប់​ទី​៤ ផ្លូវជាតិ​លេខ​៤ នេះ​ឡើងវិញ ដើម្បី​លុប​បំបាត់​អំពើពុករលួយ​ក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​កំពុង​បង្ក​ព្យុះ​ភ្លៀង​ដោយ​លោក ផេង សុខវិច្ចនូ និង​បក្ខពួក​តាម​អំពើ​ចិត្ត​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​មាន​វិធានការ​ច្បាប់​លើ​បុគ្គល​ដែល​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​លើ​គម្រោង​ថែទាំ និង​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៤ ដែល​នឹង​ត្រូវ​ប្រកាស​នា​ពេល​ខាងមុខ​នេះ។

កញ្ចប់​ទី​៤ គម្រោង​ថែទាំ​ផ្លូវ​ជាតិ​លេខ​៤ គឺ​ចាប់ផ្តើម​ពី​ចំណុច​ភូមិសាស្ត្រ​ស្រែអំបិល រហូត​ដល់​សង្កាត់​វាលរេញ ដែល​មាន​ចម្ងាយ​ជាង ៤៣​គីឡូម៉ែត្រ គឺ​ចាប់ពី​ចំណុច Pk143 ទៅ Pk186 ក្រោម​កញ្ចប់​ថវិកា​ជាង ១០​លាន​ដុល្លារ​អាមេរិក ដែល​ជា​ខ្ចីបុល​ពី​ធនាគារ​ពិភពលោក (World Bank) សម្រាប់​ដាក់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដេញថ្លៃ។ គម្រោង​កញ្ចប់​ទី​៤ នេះ ធ្លាប់​ត្រូវ​ដេញថ្លៃ​បាន​ទៅ​លើ​ក្រុមហ៊ុន​ចិន​ម្តង​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០២៣ ប៉ុន្តែ​ក្រុមហ៊ុន​នោះ​បាន​សម្រេច​បោះបង់​គម្រោង​នេះ​ចោល​វិញ។

យ៉ាងណាក៏ដោយ ក្រោយ​ពី​លោក ផេង សុខវិច្ចនូ និង​លោក ប៊ុន វាសនា បាន​ទទួល​ប្រាក់​សំណូក​ជាង ១​លាន​ដុល្លារ ពួកគេ​ក៏​បាន​រៀប​គម្រោង​ចរចា​តម្លៃ​ទៅ​ឱ្យ​ក្រុមហ៊ុន ប៉ូលី ចិន្តា ជា​អ្នក​ថែទាំ និង​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៤ នេះ ប៉ុន្តែ​ត្រូវ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បដិសេធ ទើប​មាន​ការ​រៀបចំ​ដាក់​ដេញថ្លៃ​នៅ​ឆ្នាំ​២០២៤ នេះ​តែម្តង។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ប៉េង ពោធិ៍នា ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​ដោយ​ទូរសព្ទ​មិន​ចូល៕



Images are for reference only.Images and contents gathered automatic from google or 3rd party sources.All rights on the images and contents are with their legal original owners.

Aggregated From –

Comments are closed.

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More